បទលើកទង់ព្រះពុទ្ធសាសនា
-សូមមើលទង់ជ័យឆព្វណ្ណរង្សី ដែលមានរស្មីភ្លឺស្រស់ល្អ
ខៀវលឿងក្រហមព្រមទាំងពណ៌ស ហង្សបាទនិងពណ៌ដ៏ភ្លឺផ្លេក ។
-ប្រទេសតូចធំបានស្ម័គ្រស្មាគម ជំនុំគ្នាច្រើនអនេក
ព្រមយករស្មីព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេកក្រៃកន្លង ។
-ធ្វើជាសញ្ញាទង់ជ័យសាសនា នៃព្រះសម្ពុទ្ធធំចម្បង
ចូរយើងរាល់គ្នាយកចិត្តចាំចង នឹកដល់ព្រះអង្គជាអម្ចាស់ ។
-ទោះជាតិផ្សេងគ្នាក៏ត្រូវដឹងថា សុទ្ធសឹងតែជាពុទ្ធសាសន៍
ត្រូវមានសាមគ្គីទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យណាស់គ្រប់ៗគ្នា ។
-សូមសាសនាពុទ្ធថ្កុំថ្កើងបំផុត រុងរឿងវិសុទ្ធថ្លៃថ្លា
ហើយមានជ័យជោគផ្សាយពេញលោកា ដោយជនជ្រះថ្លាច្រើនសែនលាន។
-មានចិត្តស្នេហាគោរពបូជា ចំពោះព្រះធម៌ដ៏កល្យាណ
ទាំងមនុស្សទេវតាស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បានសេចក្ដីសុខ ។
-យើងខេមរជាតិនាំគ្នាខ្មីឃ្មាត កាន់ធម៌នឹងបានផុតទុក្ខ
រួមរួមសាមគ្គីពីនេះទៅមុខ យើងនឹងបានសុខក្សេមក្សាន្តត្រាណ ។
-ព្រមព្រៀងប្រព្រឹត្តកាន់ធម៌សុចរិត ឆ្ពោះទៅកាន់ឋាននិព្វាន
ជាទីផុតទុក្ខបានសុខក្សេមក្សាន្ត ជាតិយើងនឹងបានសោយសុខ ៕
ព្រះរាជនិពន្ធដោយ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោជួន ណាត
ព.ស.២៥០០ គ.ស.៩៤៧